ទួរីសបើកជែងដណ្ដើមម៉ូយគ្នាបណ្ដាលឱ្យក្រឡាប់របួសធ្ងន់-ស្រាល២០នាក់
(ប្រុសកោះ)
ថ្ងៃ ពុធ ទី ២១ ខែ មេសា ឆ្នាំ ២០១០
ខេត្ដស្វាយរៀង ៖ រថយន្ដទួរីស៣គ្រឿងដែលបើកជែងគ្នាដណ្ដើមម៉ូយ បានកៀរគ្នាបណ្ដាលឱ្យក្រឡាប់ផ្ងារជើងមួយគ្រឿងធ្វើឱ្យរបួសធ្ងន់៥នាក់ស្រាល១៥នាក់។ គ្រោះថ្នាក់នេះបានកើតឡើងកាលពីថ្ងៃទី១៩ មេសា ឆ្នាំ២០១០ វេលាម៉ោង៧ព្រឹក នៅតាមផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិត្របែក ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ។បើតាមនារីរងគ្រោះឈ្មោះប្រាក់ ថុនា អាយុ២៧ឆ្នាំ នៅភូមិស្រម៉ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ដែលរងរបួសដាច់ស្លឹកត្រចៀកទាំងសងខាង ច្រមុះ បែកមាត់ ចិញ្ចើម ដៃស្ដាំ និងរលាត់ស្មា បានប្រាប់ឱ្យដឹងថា មនុស្សក្នុងរថយន្ដចំនួន២០នាក់ គឺជាកម្មករ កម្មការិនីរោងចក្រកាត់ដេរ មានទីលំនៅក្នុងភូមិ ស្រម៉ទាំងអស់ក្រោយពីបុណ្យចូលឆ្នាំរួចក៏ហៅរថយន្ដជិះត្រឡប់ទៅភ្នំពេញវិញ។ ពេលមកដល់ចំណុចខាងលើក៏មានរថយន្ដពីរ គ្រឿងបើកជែងគ្នាដណ្ដើមម៉ូយ ហើយស្របពេលបើកវ៉ារថយន្ដដែលនាងជិះនោះ ក៏មាន រថយន្ដមួយគ្រឿងទៀតបើកបញ្ច្រាសទិសគ្នាពីលិចទៅកើត ហើយរថយន្ដទួរីស២គ្រឿងនោះបត់ស្ដាំកាត់មុខ ពេលនោះអ្នកបើកបរកាច់ចង្កូតគេចក៏ជ្រុលធ្លាក់ទៅក្នុងប្រឡាយក្បែរថ្នល់ធ្វើឱ្យក្រឡាប់តែម្ដង។ ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ និងនៅលើទំព័រកាសែតកោះសន្ដិភាព ៕