មន្ដ្រី​បរិស្ថាន​នាំ​ខ្លួន​ពលរដ្ឋ​១៧​នាក់​មក​តុលាការ​ចោទ​ពី​បទ​កាប់​រាន​ដី​ព្រៃ​ខុសច្បាប់

ដោយ ៖ កោះឯករាជ្យ

ថ្ងៃ ពុធ ទី ២១ ខែ មេសា ឆ្នាំ ២០១០

សាលាដំបូង​ខេត្ដក្រចេះ

(​រូបថត ​កាំ​ពី​​)

សាលាដំបូង​ខេត្ដក្រចេះ

 

ខេត្ដក្រចេះ ៖  បុរស​ចំនួន​១៧​នាក់​សុទ្ធសឹង​ជា​ជនជាតិ​ខ្មែរ​អ៊ិស្លា​ម​ត្រូវ​បាន​សមត្ថកិច្ច ជំនាញ​បរិស្ថាន​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​១៩ មេ​សា និង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ដ នៅព្រឹក​ថ្ងៃ​ទី​២០ មេ​សា បន្ទាប់​ពី​ក្រុម​ជន​ទាំងនេះ​ធ្វើ​សកម្មភាព​កាប់​រាន​ដី​ព្រៃ​ដែន​ជំរក​សត្វខុសច្បាប់ ។មក​ដល់​ល្ងាច​ថ្ងៃ​ទី​២០ មេ​សា ប្រជា​ពលរដ្ឋ​ជាង​ម្ភៃ​គ្រួសារ​មាន​ក្មេង ចាស់ ប្រុស ស្រី ដែល​សុទ្ធ​សឹង​ជា​ជនជាតិ​ខ្មែរ​អ៊ិស្លា​ម និង​ជាសាច់ញាតិ​របស់​ជនជាប់ចោទ​បាន​ធ្វើ​ដំណើរ មក​កាន់​សាលាដំបូង​ខេត្ដ ក្នុង​គោលបំណងចង់​ដឹង​ថា តើ​តុលាការ​ចាត់វិធានការ​យ៉ាងណា​ទៅ​លើ​ជន​ទាំងនោះ ម្យ៉ាងវិញទៀត​គឺ ពួក​គាត់​ចង់​មក​សុំ​ឱ្យ​តុលាការ​លើកលែង​ការចោទប្រកាន់ និង​សុំ​ឱ្យ​ក្រៅ​ឃុំ​ជា​បណ្ដោះ អាសន្ន ព្រោះ​ការ​ឃាត់ខ្លួន​របស់​សមត្ថកិច្ច ជំនាញ​មិន​មាន​ភាព​សុក្រឹត​ទេ ដោយ​មាន​អ្នកខ្លះ​មិន​ត្រូវ​បាន​ចាប់ខ្លួន និង​អ្នកខ្លះ​ត្រូវ​ចាប់ខ្លួន ។ ទោះជា​យ៉ាងណាប្រជាពលរដ្ឋ​ទាំង​១៧នាក់​នេះ មិន​ត្រូវ​បាន​តុលាការ​ដោះ​លែងឱ្យ នៅ​ក្រៅ​ឃុំ​នោះ​ទេ គឺ​លោក​តូច សា​ឃឿ​ន ប្រធាន​សាលាដំបូង​ខេត្ដ​បាន​មាន​ប្រសាសន៍ ប្រាប់​កោះសន្ដិភាព​តាម​រយៈ​ទូរស័ព្ទ​ថា ចំពោះ​ករណី​នេះ គឺ​ស្ថិត​នៅ​ក្នុង​ការ​ស៊ើប អង្កេត​របស់​ចៅក្រម​នៅឡើយ ដោយ​លោក បាន​បញ្ជាក់​ថា ក្រុម​ជនជាប់ចោទ​ទាំងនេះ គឺ​ជាប់​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​កាប់​រាន​ដី​ព្រៃ​រដ្ឋ​ខុសច្បាប់ដូច្នេះ​មិន​អាច​ដោះ​លែង​បាន​ទេ ។

ព័ត៌មាន​ថ្មី​ៗ