តុលាការ​សំរេច​ឃុំខ្លួន​ម៉ែ​យ៉ែ​ម​ម្នាក់​ពី​បទ​ប្រព្រឹត្ដ​អំពើ​សញ្ចរ​កម្ម

ដោយ ៖ កោះឯករាជ្យ

ថ្ងៃ ពុធ ទី ២១ ខែ មេសា ឆ្នាំ ២០១០

ស្ដ្រី​ជាប់ចោទ​​ឈ្មោះ​និ​ន សា​រ៉ា​ន់បាន​ឃុំខ្លួន​ពី​បទ​ប្រព្រឹត្ដ​អំពើ​សញ្ចរ​កម្ម

(​រូបថត ប៊ុ​ន​ណា​ក់​)

ស្ដ្រី​ជាប់ចោទ​​ឈ្មោះ​និ​ន សា​រ៉ា​ន់បាន​ឃុំខ្លួន​ពី​បទ​ប្រព្រឹត្ដ​អំពើ​សញ្ចរ​កម្ម

 

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី កាលពី​ព្រឹក​ថ្ងៃ​ទី​២១ មេ​សា បាន​ឃុំខ្លួន​ស្ដ្រីម្នាក់​ពី​បទ​ប្រព្រឹត្ដ​អំពើ​សញ្ចរ​កម្ម ។ ការ​ឃុំខ្លួន​នេះ​ធ្វើ​ឡើង​ដោយ​លោកស្រី ចាំង ស៊ីណាត ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានីភ្នំពេញ​តាម​ដីកា​សំរេច​ឱ្យ​ឃុំខ្លួន​បណ្ដោះ អាសន្ន​លេខ​៩៨៨ ត​ព្រ ចុះ​ថ្ងៃ​ទី​២១ មេ​សា​។ ស្ដ្រី​ជាប់ចោទ​នោះ​ឈ្មោះ​និ​ន សា​រ៉ា​ន់ អាយុ៣៨​ឆ្នាំ មាន​លំនៅ​ក្នុងភូមិ​ស្លែង ឃុំ​គិរី​ចុងកោះ ស្រុក​គី​រី​វង់ ខេត្ដតាកែវ បាន​ទៅ​ជួលផ្ទះ​លេខ​២៣​Eo វិ​ថី​ព្រះ​ស៊ី​សុវត្ថិ សង្កាត់​ស្រះចក ខណ្ឌដូនពេញស្នាក់​នៅ និង​បើកហាងម៉ាស្សា និង​កោស​ជប់​ខ្យល់ ។ លោក​វរសេនីយ៍ទោ ស៊ិ​ន ស៊ី​ថា នាយការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​ការ​ជួញដូរមនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន ស្រាវជ្រាវ និង​យុត្ដិធម៌​កងរាជអាវុធហត្ថ​លើផ្ទៃ​ប្រទេស​ឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៩ មេ​សា ការិយាល័យ​របស់​លោក​បាន​ស៊ើបអង្កេត និង​ស្រាវជ្រាវ​រក​ឃើញ​កន្លែង​កោស​ជប់ និងម៉ាស្សា​លួចលាក់​បំរើ​ផ្លូវភេទ ក៏​រាយការណ៍ ជូន​ទៅ​លោកនាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស​៤ សៅ សុខា អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ហើយ​លោក​បាន​ដាក់បញ្ជា​ឱ្យ​ការិយាល័យ​ជំនាញ​របស់​លោក ទៅ​បង្ក្រាប​ជា​បន្ទាន់ ដោយ​សហការ​ជាមួយព្រះរាជអាជ្ញា​ផង ។

លោក​វរសេនីយ៍ទោ ស៊ិ​ន ស៊ី​ថា ឱ្យដឹង​ទៀត​ថា ពេល​សមត្ថកិច្ច​របស់​លោក​ទៅបង្ក្រាប​ផ្ទះ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​ជ្រក​ក្រោមស្លា​កកោស​ជប់ និង​ម៉ាស្សា​នេះ គឺ​ឃាត់ខ្លួន​ស្ដ្រី ឈ្មោះ​និ​ន សា​រ៉ា​ន់ ជា​អ្នក​បើក​អាជីវកម្មព្រមទាំង​ស្ដ្រី​រកស៊ី​បំរើ​ផ្លូវភេទ​៣​នាក់ និងបុរស​ចូល​កន្លែង​នោះ​២​នាក់ ។ ទោះជាយ៉ាងណា​ក្ដី​បុរស​២​នាក់​នោះ បន្ទាប់​ពី​សមត្ថកិច្ច​អប់រំ​រួច​មក​បាន​អនុញ្ញាត​ឱ្យទៅ​ផ្ទះ​វិញ ។ ចំណែក​នារី​បំរើ​ផ្លូវភេទ​សុទ្ធ​សឹង​ជា​ជនជាតិវៀតណាម​បាន​ប្រគល់​ជូន​ទៅ​ក្រសួង​សង្គមកិច្ច ។ ដោយឡែក​ស្ដ្រី​ឈ្មោះ​និ​ន សា​រ៉ា​ន់ ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅតុលាការ រួម​ជាមួយ​វត្ថុ​តាង​ស្រោមអនាម័យ ប្រើប្រាស់​រួច​ចំនួន​២ និង​មិន​ទាន់​ប្រើប្រាស់មួយ​ចំនួន ព្រមទាំង​ប្រដាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ផង​ដែរ ។ លោក​ស៊ិ​ន ស៊ី​ថា បញ្ជាក់​ថា ទីតាំង​កោសជប់​ខ្យល់ និង​ម៉ាស្សា​នោះ​មិន​ត្រឹមតែ​លួចលាក់​បំរើ​ផ្លូវភេទ​ទេ មាន​ទាំង​ប្រើប្រាស់គ្រឿងញៀន​ទៀត​ផង ។

ព័ត៌មាន​ថ្មី​ៗ