រថយន្ដបើកប៉ះម៉ូតូជ្រុលចង្កូតបុកផ្ទះត្រូវគេវាយបែកកញ្ចក់ខ្ទេច
ដោយ ៖ កោះឯករាជ្យ
ថ្ងៃ ពុធ ទី ២១ ខែ មេសា ឆ្នាំ ២០១០

(រូបថត ជលធា)
រថយន្ដម៉ាកកាមរីជ្រុលចង្កូតបុកផ្ទះត្រូវគេវាយបែកកញ្ចក់ខ្ទេច
រាជធានីភ្នំពេញ ៖ រថយន្ដម៉ាកកាមរីពណ៌ប្រផេះមួយគ្រឿងបានបើកបុកម៉ូតូចំនួន២គ្រឿង ហើយជ្រុលចង្កូតបុកចូលលំនៅឋាននៅលើចំណីចិញ្ចើមផ្លូវដែកទើបទៅមុខលែងរួច ។ ដោយសារតែជ្រុលចង្កូតបុកផ្ទះគេរថយន្ដនោះត្រូវម្ចាស់ផ្ទះនាំគ្នាវាយបែកកញ្ចក់ក្រោយខ្ទេច ដោយមិនដឹងថា ការខូចខាតលំនៅឋានរបស់ខ្លួន និងការខូចខាតរថយន្ដនោះទូទាត់គ្នារួច ឬយ៉ាងណានោះទេ ។គ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវសមត្ថកិច្ចឱ្យដឹងថា កើតឡើងកាលពីវេលាម៉ោង១០ និង ៣០នាទីព្រឹក ថ្ងៃទី២១ ខែមេសា នៅតាមមហាវិថីសេនាប្រមុខគឹមអ៊ីលស៊ុង ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។ គ្រោះថ្នាក់នេះបណ្ដាលឱ្យមនុស្សរងរបួសចំនួន២នាក់ តែមិនធ្ងន់ប៉ុន្មានទេ។ រថយន្ដនោះម៉ាកកាមរី ពាក់ស្លាកលេខ ឆ៣៧៩៤ បើកបរដោយ ឈ្មោះ តូច ធី ភេទប្រុស អាយុ៤៩ឆ្នាំ ជាមន្ដ្រីរាជការនៃធនាគារជាតិកម្ពុជា រស់នៅផ្ទះលេខ៨៩ ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
តាមសាក្សីនៅកន្លែងកើតហេតុឱ្យដឹងថា រថយន្ដនោះធ្វើដំណើរតាមមហាវិថីសេនា ប្រមុខគឹមអ៊ីលស៊ុង ក្នុងទិសដៅពីត្បូងទៅជើង លុះទៅដល់ចំណុចកើតហេតុក្បែរផ្លូវ រទេះភ្លើងបានបុកម៉ូតូ បណ្ដាលឱ្យដួលចំនួន២គ្រឿង និងបណ្ដាលឱ្យអ្នកជិះម៉ូតូរងរបួសចំនួន២នាក់ ។ បន្ទាប់មករថយន្ដបានជ្រុលចង្កូតទៅបុកជញ្ជាំងផ្ទះលេខ៨បណ្ដាលឱ្យផុងជាប់ ។ ដោយសារខឹងរថយន្ដបុកផ្ទះរបស់ខ្លួន ម្ចាស់ផ្ទះឈ្មោះណៃ ចាន់នី ភេទប្រុស អាយុ៤៥ឆ្នាំ បានយកគល់អុសវាយ បំផ្លាញកញ្ចក់ក្រោយរថយន្ដនៅមុខម្ចាស់វាតែម្ដង។ តាមព័ត៌មានបន្ដទៀតថា រថយន្ដនោះបានដឹកស្ដ្រីចំណាស់ៗមួយចំនួនទៅស្ដីដណ្ដឹងកូនគេនៅម្ដុំទីក្រុងរណបខេមកូស៊ីធី តែមិនទាន់ទៅដល់ផងក៏ជួបគ្រោះថ្នាក់ចរាចរណ៍តែម្ដង ។ រថយន្ដ និងម៉ូតូត្រូវសមត្ថកិច្ចនាំទៅកាន់អធិការដ្ឋានដើម្បីដោះស្រាយ ។