លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន អមព្រះរាជដំណើរសម្ដេចម៉ែចែកអំណោយប្រជារាស្ដ្រ
ដោយ ៖ កោះឯករាជ្យ
ថ្ងៃ ព្រហស្បតិ៍ ទី ២២ ខែ មេសា ឆ្នាំ ២០១០

(រូបថត អ៊ុយសុង)
ពិធីចែកអំណោយ
ខេត្ដកណ្ដាល ៖ លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញអមព្រះរាជដំណើរសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្ដិយសកាកបាទក្រហមកម្ពុជា នាំយកអំណោយទៅចែក ជូនប្រជារាស្ដ្រក្រីក្រ និងចាស់ជរាគ្មានទីពឹង ចំនួន៦១២គ្រួសារដែលមកពីស្រុកចំនួនពីរ ក្នុងខេត្ដពីរ គឺស្រុកពាមជរ ចំនួន៤ឃុំ ក្នុង ខេត្ដព្រៃវែង និងមកពី៧ឃុំក្នុងស្រុកលើកដែក ខេត្ដកណ្ដាល ។
ពិធីចែកអំណោយត្រូវបានរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី២២ មេសា ស្ថិតក្នុងភូមិ ព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្ដកណ្ដាល ។ អំណោយដែលត្រូវចែកជូនដល់ ប្រជារាស្ដ្រទាំងនេះគឺក្នុងមួយគ្រួសារទទួល បានអង្ករ៣០គីឡូក្រាម មីយើង១កេសតូច ត្រីខ១០កំប៉ុង សារុង១ ក្រមា១ មុង១ ភួយ ១ នំប៉័ងបាក់យ៉ុង២ដើម ទឹកបរិសុទ្ធ២ដបធំ ថវិកា៥ម៉ឺនរៀល ។ អំណោយទាំងនេះរៀបចំឡើងដោយកាក បាទក្រហមកម្ពុជា ប៉ុន្ដែជាព្រះរាជអំណោយ របស់ព្រះករុណា ព្រះមហាវីរក្សត្រខ្មែរ សម្ដេចឪ និងសម្ដេចម៉ែ ។