ពួកចោរសមុទ្រវាយប្រហារច្រទឡំលើនាវាចម្បាំងបារាំង
(ប្រុសកោះ)
ថ្ងៃ ព្រហស្បតិ៍ ទី ២២ ខែ មេសា ឆ្នាំ ២០១០

រូបថត បរទេស
នាវាពួកចោរសមុទ្រត្រូវនាវាចម្បាំងអាមេរិកបាញ់ឆេះ
កងកំលាំងនាវាចរណ៍របស់សហភាពអឺរ៉ុប “ATALANTE ”រាយការណ៍កាលពីថ្ងៃទី២១ មេសា ថា ពួកចោរសមុទ្រសូម៉ាលី បានវាយប្រហារច្រឡំលើនាវាចម្បាំងបារាំងមួយគ្រឿងក្នុងមហាសមុទ្រឥណ្ឌា ។ ចោរសមុទ្រ៦នាក់បានត្រូវចាប់ខ្លួន ។
យោងតាមសេនាធិការកងទ័ពបារាំងថា ការវាយប្រហារនេះកើតមានកាលពីយប់ថ្ងៃទី១៩ មក២០ មេសា សំដៅលើនាវាទីបញ្ជាការ និងផ្គត់ផ្គង់ឈ្មោះ LA SOMME ដែលមកជួយទ្រទ្រង់ប្រតិបត្ដិការអឺរ៉ុបតស៊ូប្រឆាំងចោរសមុទ្រ (ATALANTE ) ។ នាវានោះរងការវាយប្រហារដោយនាវាលឿនតូចៗ២គ្រឿងនៅកន្លែងមួយចំងាយប្រមាណជា៣០០គ.ម ពីឆ្នេរសមុទ្រសូម៉ាលី ។ បន្ទាប់ពីការបាញ់តគ្នាដែលពុំបណ្ដាលឱ្យមានមនុស្សណាម្នាក់ត្រូវរបួស ពួកអ្នកវាយប្រហារ ក៏បានបកក្រោយវិញ ។ ដោយដេញតាមនាវាលឿនមួយគ្រឿងរយៈពេលប្រមាណ១ម៉ោង ក្រោយមកនាវាចម្បាំងបារាំង ក៏ស្នាក់នាវានោះជាប់ រួចកងទាហានបារាំងចាប់ខ្លួនពួកចោរសមុទ្រ៦នាក់ ។
នេះជាលើកទី២ហើយក្នុងរយៈពេលតែប៉ុន្មានខែ ដែលនាវា LA SOMME ជាគោលដៅនៃការវាយប្រហាររបស់ពួកចោរ
សមុទ្រ។ ការវាយប្រហារលើកមុនកាលពីខែតុលា ឆ្នាំ២០០៩ នាំទៅដល់ការចាប់ខ្លួនចោរសមុទ្រ៥នាក់ ។ នាវានោះមានភិនភាគដូចជានាវាស៊ីវិលមួយគ្រឿង ។
ម្យ៉ាងវិញទៀត ពួកចោរសមុទ្រសូម៉ាលីបានគំរាមកាលពីថ្ងៃទី២១ មេសា ធ្វើឱ្យផ្ទុះកំទេចនាវាដឹកប្រេងយក្សកូរ៉េខាងត្បូងឈ្មោះ SAMBO DREAM ដែលពួកគេចាប់កាលពីដើមខែនេះ ប្រសិនបើប្រាក់លោះ២០លានអឺរ៉ូពុំត្រូវបានប្រគល់ឱ្យទេនោះ ។ រដ្ឋាភិបាលក្រុងសេអ៊ូលបានបញ្ជូននាវាពិឃាតមួយគ្រឿងទៅកាន់មហាសមុទ្រឥណ្ឌា ដើម្បីតាមនាវាដឹកប្រេងឆៅ២លានធុងនេះ។ ក្រុមនាវិកនៃនាវា SAMBO DREAM រួមមានជនជាតិកូរ៉េ៥នាក់ និងហ្វីលីពីន១៩នាក់ ។
មេចោរសមុទ្រម្នាក់ឈ្មោះហាស៊ីនិយាយថា យើងទាមទារប្រាក់២០លានដុល្លារសំរាប់ការដោះលែងនាវាយក្សនេះ ។ យើងដឹងថា បណ្ដានាវាចម្បាំងចង់ធ្វើការវាយប្រហារមួយប្រឆាំងយើង ក៏ប៉ុន្ដែក្នុងករណីនេះយើងនឹងធ្វើឱ្យនាវានោះផ្ទុះ ៕