សមត្ថកិច្ច​ចំរុះ​ចុះ​អនុវត្ដ​លុប​បំបាត់ សំណង់​លើ​ដី​អភិវឌ្ឍន៍​កំពង់​ផែ​ស្វយ័ត

ដោយ ៖ កោះឯករាជ្យ

ថ្ងៃ ព្រហស្បតិ៍ ទី ២២ ខែ មេសា ឆ្នាំ ២០១០

របង ឈើ រោង ខ្ទម សំយាប ផ្ទះ​តូច​ៗ ដែល​ប្រជាពលរដ្ឋ​៤១​គ្រួសារ

(​រូបថត តា​សោម​)

របង ឈើ រោង ខ្ទម សំយាប ផ្ទះ​តូច​ៗ ដែល​ប្រជាពលរដ្ឋ​៤១​គ្រួសារ

 

ខេត្ដ​ព្រះ​សីហ​នុ ៖ សមត្ថកិច្ច​ចំរុះ​អមដោយ​លោក​យូ ទិ​ត្យ​វឌ្ឍនៈ ព្រះរាជអាជ្ញា​រងសាលាដំបូង​ខេត្ដ​ព្រះ​សីហ​នុ បាន​ចុះ​អនុវត្ដសាលក្រម​សាលាដំបូង​ខេត្ដ​លេខ​៦១ ត​.​រ ២០១០ លុប​បំបាត់​សំណង់​អនាធិបតេយ្យ ដែល​ប្រជាពលរដ្ឋ​បាន​សាងសង់​ដូច​ជា​របង ឈើ ខ្ទម រោង សំយាប ផ្ទះ​តូច​ៗ​ជាដើម នៅលើ​ដី​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់អង្គភាព​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ។ ប្រតិបត្ដិការ​នេះ​បាន​ប្រព្រឹត្ដ​ទៅ​កាលពី ថ្ងៃ​ទី​២១ មេ​សា និង​បញ្ចប់​ជា​ស្ថាពរ​នៅ​ព្រឹក ថ្ងៃ​ទី​២២ មេ​សា ឆ្នាំ​២០១០ ប្រកបដោយជោគជ័យ មិន​មានការ​ប្រើ​អំពើ​ហិង្សា​អ្វី​ទេ ដោយ​អង្គភាព​កំពង់​ផែ​បាន​ចេញ​ថវិកា​មួយ ចំនួន​សំរាប់​ឧបត្ថម្ភ​ដល់​គ្រួសារ​ប្រជា​ពលរដ្ឋ ។ ឧបសគ្គ​ដំបូង​ៗ​បាន​កើត​មាន​ផង​ដែរ ដោយសារ​តែ​មានការ​ញុះញង់​ពី​សំណាក់​ជនឱកាសនិយម​មួយ​ចំនួន ដើម្បី​ផលប្រយោជន៍ផ្ទាល់ខ្លួន ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ នឹង​សំណង់​អនាធិបតេយ្យ​នេះ​បាន​ចេញ​មុខតវ៉ា​ជាមួយនឹង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គួរ​ឱ្យ កត់សំគាល់​ផង​ដែរ ប៉ុន្ដែ​ពុំ​ឈាន​ដល់​ការ​ប្រើអំពើ​ហិង្សា​អ្វី​ទេ ។

ដើម្បី​បញ្ចប់​វិវាទ​នេះ មន្ដ្រី​តំណាង​អង្គភាព​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុបាន​ពន្យល់ និង​ផ្សព្វផ្សាយ​ពី​គំរោងជាក់ស្ដែង​របស់​សាលក្រម​តុលាការ​សំរេច គឺមិន​ប៉ះពាល់​ដល់​លំនៅ​ឋាន​ប្រជាពលរដ្ឋឡើយ ហើយ​រាល់​សំណង់​ផ្សេង​ៗ ដូច​ជា​របង ឈើ រោង ខ្ទម សំយាប ផ្ទះ​តូច​ៗ ដែល​ប្រជាពលរដ្ឋ​៤១​គ្រួសារ បាន​សាងសង់​ចូល​ក្នុង​ដីអភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​កំពង់​ផែ ស្ថិត​ក្នុង​តំបន់​ភូមិ​ថ្មី ក្រុងព្រះសីហនុ​នោះ អង្គភាព​កំពង់​ផែ បាន​ចេញ​ជា​ថវិកា​ឧបត្ថម្ភ ជូន​គ្រប់​ក្រុម​គ្រួសារ ដើម្បី​រុះរើ​យក​គ្រឿងសំណង់​ចេញ​ដោយ​ខ្លួនឯង ។ នៅ​ពេល​ទទួល​បានការ​ពន្យល់​ច្បាស់លាស់ ខុស​ពី​ការ​ឃោសនា​របស់​ជន​ឱកាស និយម​មួយ​ចំនួន​នោះ​ប្រជាពលរដ្ឋ​ដែល​មាន ការ​ពាក់ព័ន្ធ​ទាំង​៤១​គ្រួសារ បាន​ស្ម័គ្រចិត្ដ​រុះ រើ​សំណង់​ខុសច្បាប់​ស​របស់​ខ្លួន​ដោយ​ខ្លួនឯង ជា​បន្ដបន្ទាប់ និង​ទទួល​បានការ​ឧបត្ថម្ភ​ថវិកា គ្រប់​ៗ​គ្នា​នៅ​តាម​ស្ថានភាព​ជាក់ស្ដែង​នៃគ្រួសារ​នីមួយ​ៗ ។

ព័ត៌មាន​ថ្មី​ៗ