បញ្ឈប់​ការ​ធ្វើ​អាជីវកម្ម​ផ្ទះសំណាក់ ទាំងអស់​នៅ​តាម​ផ្លូវជាតិ​លេខ​៦​A

ដោយ ៖ កោះឯករាជ្យ

ថ្ងៃ ព្រហស្បតិ៍ ទី ២២ ខែ មេសា ឆ្នាំ ២០១០

គ្រប់​ផ្ទះសំណាក់តាម​ផ្លូវជាតិ​លេខ​៦​A ក្នុងខណ្ឌឫស្សីកែវ​មិន​អនុញ្ញាត​ឱ្យធ្វើ​អាជីវកម្ម​តទៅ​ទៀត​ឡើយ

(​រូបថត ជលធា​)

គ្រប់​ផ្ទះសំណាក់តាម​ផ្លូវជាតិ​លេខ​៦​A ក្នុងខណ្ឌឫស្សីកែវ​មិន​អនុញ្ញាត​ឱ្យធ្វើ​អាជីវកម្ម​តទៅ​ទៀត​ឡើយ

 

រាជធានី​ភ្នំពេញ ៖ គ្រប់​ផ្ទះសំណាក់​នៅ តាម​ផ្លូវជាតិ​លេខ​៦​A ក្នុង​ខណ្ឌឫស្សីកែវ ត្រូវ​អាជ្ញាធរ​ខណ្ឌឫស្សីកែវ​មិន​អនុញ្ញាត​ឱ្យ ធ្វើ​អាជីវកម្ម​តទៅ​ទៀត​ឡើយ ដោយ​អះអាង​ថា ការ​ធ្វើ​អាជីវកម្ម​កន្លង​មក​មិន​បំរើ ដល់​ភ្ញៀវ​ទេសចរ ឬ​ជា​លក្ខណៈ​គ្រួសារ​នោះទេ គឺ​បំរើ​តែ​គូស្នេហ៍​ដែល​ទៅ​ដើរ​លេង​ស៊ីផឹក​ប៉ុណ្ណោះ ។ ការ​សំរេច​បញ្ឈប់​ការ​ធ្វើ​អាជីវកម្ម​ផ្ទះ សំណាក់​នៅ​តាម​ផ្លូវជាតិ​លេខ​៦​A ត្រូវ​លោក ឃ្លាំង ហួតអភិបាល​ខណ្ឌឫស្សីកែវ​ធ្វើ​សំណើ ទៅ​អភិបាល​រាជធានី​ភ្នំពេញ ហើយ​ត្រូវលោក​អភិបាល​គាំទ្រ​ឱ្យ​បញ្ឈប់​ការ​ធ្វើ​អាជីវកម្ម​ផ្ទះសំណាក់​ទាំងនោះ ។ សំណើ​នេះ​បាន​ធ្វើឡើង​បន្ទាប់​ពី​គណៈ​អភិបាល​ខណ្ឌឫស្សីកែវ ពិភាក្សា​ក្នុង​អង្គប្រជុំ​ក្រុមប្រឹក្សា​ខណ្ឌ​ឫស្សី កែវ​អាណត្ដិ​ទី​១ លើក​ទី​១០ កាលពី​ថ្ងៃ​ទី​២៦ ខែមីនា ហើយ​ត្រូវ​បាន​ក្រុមប្រឹក្សា​គាំទ្រ ចំពោះ​សំណើ​នេះ ។

លោក​ឃ្លាំង ហួត ឱ្យ​ដឹង​ថា គ្រប់​ផ្ទះសំណាក់​នៅ​តាម​ផ្លូវជាតិ​លេខ​៦​A អាជ្ញាធរ ខណ្ឌឫស្សីកែវ​មិន​អនុញាត​ច្បាប់ ឬ​បន្ដ​អាជ្ញាប័ណ្ណ​ឱ្យធ្វើ​អាជីវកម្ម​ទៀត​ឡើយ គឺ​ត្រូវបញ្ឈប់​ទាំងស្រុង ។ ការ​បញ្ឈប់​អាជីវកម្ម ផ្ទះសំណាក់​នៅ​តាម​ផ្លូវជាតិ​លេខ​៦​A​នេះ គឺ​ដោយសារ​អាជ្ញាធរ​ពិនិត្យ​ឃើញ​ថា កន្លងមក​ផ្ទះសំណាក់​ទាំងនោះ​មិន​បាន​បំរើ​ដល់ ភ្ញៀវ​ទេសចរ ឬ​ជា​ក្រុម​គ្រួសារ​ទៅ​ស្នាក់នៅទេ គឺ​បំរើ​តែ​ផ្លូវភេទ​របស់​គូស្នេហ៍ ឬ ប្រុសស្រី​នាំ​គ្នា​ចូល​រយៈពេល​ខ្លី​ប៉ុណ្ណោះ ។ លោក​បញ្ជាក់​ថា មិន​ត្រឹមតែ​ផ្ទះសំណាក់​នៅ តាម​ផ្លូវជាតិ​លេខ​៦​Aទេ ឱ្យ​តែ​កន្លែង​ដែល អាជ្ញាធរ​ពិនិត្យ​ឃើញ​ថា បំរើ​ផ្លូវភេទ​មិន​បាន បំរើ​ដល់​ភ្ញៀវ​ទេសចរ ក៏​ត្រូវ​អាជ្ញាធរ​មិន​អនុញ្ញាត​ឱ្យធ្វើ​អាជីវកម្ម​ផង​ដែរ ។ ព័ត៌មានលំអិត​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ និង​នៅលើ​ទំព័រ​កាសែត​កោះសន្ដិភាព .

ព័ត៌មាន​ថ្មី​ៗ