ចោរដាក់ថ្នាំយកម៉ូតូបាត់ពីថ្ងៃ យប់ឡើងរថយន្ដបុកស្លាប់ទៀត
ដោយ ៖ កោះឯករាជ្យ
ថ្ងៃ ព្រហស្បតិ៍ ទី ២២ ខែ មេសា ឆ្នាំ ២០១០
ខេត្ដកំពង់ស្ពឺ ៖ បុរសម្នាក់បានស្លាប់នៅលើដងផ្លូវជាតិលេខ៤ ក្នុងពេលដើរឆ្លង ផ្លូវត្រូវរថយន្ដបុក ហើយរថយន្ដនោះបានបើកគេចបាត់។ ហេតុការណ៍កើតឡើងកាល ពីវេលាម៉ោង៨យប់ ថ្ងៃទី២១ មេសា នៅចំណុចខាងកើតស្ពានអូរក្រាំងអំបិលប្រមាណ១០០ម៉ែត្រ ក្នុងចន្លោះគីឡូម៉ែត្រលេខ៣៧ និង៣៨ ។មន្ដ្រីកងរាជអាវុធហត្ថស្រុកសំរោងទង ដែលឈរជើងនៅក្បែរនោះប្រាប់ឱ្យដឹងថា នៅវេលានោះគេបានឮសំលេងប៉ះទង្គិចមួយយ៉ាងខ្លាំង ហើយនឹកស្មានថា រថយន្ដបុកសត្វឆ្កែ។ ភ្លាមនោះអ្នកមានផ្ទះនៅជាប់ផ្លូវបានរត់ទៅមើលឃើញមនុស្សម្នាក់ដេកស្លាប់បាត់ទៅហើយ ។ គេបានអះអាងថា បុរសនោះត្រូវរថយន្ដធុនតូចពុំស្គាល់ម៉ាកបើកពីទិស កំពង់ស្ពឺទៅភ្នំពេញបុករួចបើកគេចបាត់ ។
មន្ដ្រីប៉ូលិសចរាចរណ៍ស្រុកសំរោងទងបានបញ្ជាក់ថា បុរសដែលរថយន្ដបុកស្លាប់នោះត្រូវគេស្គាល់នៅព្រឹកថ្ងៃទី២២ មេសា គឺឈ្មោះហៃ សំភី អាយុ២៦ឆ្នាំ មានទីលំនៅ ក្នុងភូមិព្រៃល្ងៀង ឃុំស្គុះ ស្រុកសំរោងទង ។ តាមបងប្អូនដែលទៅទទួលសព បន្ទាប់ពីរក្សាទុកនៅក្នុងសាលសពនៃមន្ទីរពេទ្យបង្អែកខេត្ដកំពង់ស្ពឺមួយយប់ហើយនោះនិយាយថា ហៃ សំភី ជាអ្នករត់ម៉ូតូឌុប។ កាលពីថ្ងៃគេបានឌុបមនុស្សពីរនាក់ទៅភ្នំពេញ ប៉ុន្ដែប្រហែលជាម៉ូយនោះជាជនខិលខូចបានឆបោកយកម៉ូតូទៅបាត់តាមរយៈការដាក់ថ្នាំសណ្ដំ។ បន្ទាប់ពីបាត់ម៉ូតូមានគេឃើញហៃ សំភី ដើរចុះដើរឡើងនៅចំណុចកើតហេតុកាលពីក្បាលល្ងាច ហើយត្រូវរថយន្ដបុកស្លាប់តែម្ដង ។ប៉ូលិសកំពុងស្រាវជ្រាវរថយន្ដដែលបុកមនុស្សស្លាប់នោះ ។