តុលាការ​សំរេច​ឃុំខ្លួន​មេបន​រកស៊ី​ផ្លូវភេទ និង​ស្ដ្រី​៣​នាក់​ប្រគល់​ជូន​មន្ទីរ​សង្គមកិច្ច

ដោយ ៖ កោះឯករាជ្យ

ថ្ងៃ ព្រហស្បតិ៍ ទី ២២ ខែ មេសា ឆ្នាំ ២០១០

មេបន​រកស៊ី​ផ្លូវភេទ ស្ដ្រី​៣​នាក់​ប្រគល់​ជូន​មន្ទីរ​សង្គមកិច្ច

(​រូបថត ប៊ុ​ន​រី​)

មេបន​រកស៊ី​ផ្លូវភេទ

 

រាជធានី​ភ្នំពេញ ៖ តុលាការ​បាន​ចេញដីកាឃុំខ្លួន​មេបន​រកស៊ី​ផ្លូវភេទ​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​.​ស កាលពី​រសៀល ថ្ងៃ​ទី​២២ មេ​សា ដោយ​ចោទប្រកាន់​ពី​បទធ្វើ​អាជីវកម្ម​ផ្លូវភេទ​ខុសច្បាប់ រង់ចាំ​ការកាត់ទោស​ទៅ​តាម​នីតិវិធី ។ មេបន​ម្នាក់​នេះ​ឈ្មោះ​តុ​ម ម៉ា​រី​ម៉ា ភេទស្រី ជនជាតិ​វៀតណាម អាយុ​៣២​ឆ្នាំ មានស្រុក​កំណើត​នៅ​ទឹកដី​កម្ពុជា​ក្រោម បាន​មកជួល​ផ្ទះ​លេខ​៩​A​២ វិ​ថី​ព្រះ​ស៊ី​សុវត្ថិ សង្កាត់ ស្រះ​ចក ខណ្ឌដូនពេញ រកស៊ី​បើកហាងកាហ្វេ ប៉ុន្ដែ​ថៅកែ​ស្រី​ម្នាក់​នេះ​បានឱ្យ​កូនចៅស្រី​ៗ​រត់​តុ​កាហ្វេ​ចំនួន​៣​នាក់​ឆ្លៀត​រកស៊ី​រួមភេទ​ជាមួយ​ភ្ញៀវ​ប្រុស​ៗ​បន្ថែម​ទៀត ។

សូម​បញ្ជាក់​ថា មុន​ការ​ឃុំខ្លួន​មេបន​នេះ គឺ​កំលាំង​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឆ្មក់​ចូល​ទីតាំង​លួចលាក់ រួម​ភេទ​ដុះ​ស្លែ​ជ្រក​ក្រោម​ស្លាក​ហាង​លក់កាហ្វេ​ផ្ទះ​លេខ​៩​A២ វិ​ថី​ព្រះ​ស៊ី​សុវត្ថិ សង្កាត់ ស្រះ​ចក ខណ្ឌដូនពេញ កាលពី​រសៀល​ថ្ងៃ​ទី ២១ ខែមេសា ឆ្នាំ​២០១០ វេលា​ម៉ោង​៣ និង​២០​នាទី ។ យុទ្ធនាការ​បង្ក្រាប​ផ្ទះបន​ដូចភ្លៀងរលឹម​នេះ​គេ​ពុំ​ឃើញ​មានមុខ​លោក​ចៅសង្កាត់​ជា​អាជ្ញាធរ​ដែនដី​ចូលរួម​និង​ចុះ​ហត្ថលេខា​លើ​កំណត់ហេតុ​នោះ​ទេ ។

នេះ​គឺជា​ការ​អនុវត្ដ​បង្ក្រាប​ផ្ទះបន​លើក​ទី​២​ក្នុង​សបា្ដហ៍​នេះ បន្ទាប់​ពី​កំលាំង​ប៉េ​អឹ​ម​ផ្ទៃប្រទេស​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ផ្ទះបន​លើកំណាត់​វិ​ថី​ព្រះ​ស៊ី​សុវត្ថិ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ កាលពី​ថ្ងៃ​ចន្ទ ទី​១៩ មេ​សា កន្លងមកហើយ​ក៏​ពុំ​មានមុខ​ចៅសង្កាត់​រូប​នោះចូលរួម​ដែរ ។ មន្ដ្រី​នគរបាល​មួយ​រូប​បានឱ្យដឹង​ថា ការ​ចុះ​បង្ក្រាប​ទីតាំង​លួចលាក់​រួមភេទ​ដែល​ជ្រក​ក្រោម​ស្លាក​ហាង​លក់​កាហ្វេ នៅ​ចំណុច​ខាងលើ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍​ត្រី​ឆិ​ន ជាអនុប្រធាន​ការិយាល័យ នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន និង​លោក​ហួត ឈួ​រ ក្រឡាបញ្ជី​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ  ។

ជា​លទ្ធផល​ស្ដ្រី​រកស៊ី​ផ្លូវភេទ​ចំនួន​៣​នាក់​ជនជាតិ​វៀតណាម​ត្រូវ​បាន​ឃាត់ខ្លួន ១-​ឈ្មោះ​អា​វី អាយុ​២១​ឆ្នាំ​, ២-​ឈ្មោះ​ណា​វី អាយុ​២៥​ឆ្នាំ និង​៣-​ឈ្មោះ​អា​លី​ន អាយុ​២៤ឆ្នាំ អ្នក​ទាំង​៣​នាក់​នេះ​ត្រូវ​បាន​ប្រគល់​ជូនមន្ទីរ​សង្គមកិច្ច និង​អតីត​យុទ្ធ​ជន​ចាត់ការតាម​នីតិវិធី ។  ចំណែក​ស្ដ្រី​ម្នាក់​ទៀត​ឈ្មោះ តុ​ម ម៉ា​រី​ម៉ា ហៅ​រី​ម៉ា អាយុ​៣២​ឆ្នាំ ជា​ម្ចាស់ហាង​កាហ្វេ​ខាងលើ​ក៏​ត្រូវ​បាន​ឃាត់ខ្លួន​ផងដែរ ហើយ​ឥឡូវនេះ​ត្រូវ​បាន​ឃុំខ្លួន​នៅ​ពន្ធ​នាគារ​ព្រៃ​.​ស ។

ព័ត៌មាន​ថ្មី​ៗ