ផ្ទះសំណាក់ជនជាតិបារាំងជាប់ជើងភ្នំ ត្រូវអគ្គីភ័យឆាបឆេះ
(ប្រុសកោះ)
ថ្ងៃ ព្រហស្បតិ៍ ទី ២២ ខែ មេសា ឆ្នាំ ២០១០

រូបកោះសន្តិភាព
ទិដ្ឋភាពភ្លើងឆេះផ្ទះសំណាក់
ខេត្ដព្រះសីហនុ ៖ ផ្ទះសំណាក់សង់អំពីឈើដំបូលប្រក់ស្បូវនៅក្បែរសណ្ឋាគារសុខាជាប់ជើងភ្នំនៃតំបន់ពយកំពេញគ្រប់គ្រងដោយជនជាតិបារាំង ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ត្រូវបានអគ្គីភ័យលេបត្របាក់អស់៣បន្ទប់ ដោយបញ្ចេញអំណាចអណ្ដាតភ្លើងសន្ធោសន្ធៅគួរឱ្យតក់ស្លុត និងបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
អណ្ដាតភ្លើងឆាបឆេះនេះបានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី២២ មេសា ឆ្នាំ២០១០ ដែលផ្ដើមឡើង ដោយសារការរាលដាលពីភ្លើងឆេះព្រៃ បន្ទាប់ពីមានជនមិនស្គាល់មុខម្នាក់បានដុតរានដីព្រៃទំនេរមួយកន្លែងដែលនៅក្បែរនោះ ។ បន្ដិចនោះ រថយន្ដពន្លត់អគ្គីភ័យរបស់ស្នងការប៉ូលិសខេត្ដចំនួន២គ្រឿងបានចេញទៅជួយធ្វើអន្ដរាគមន៍បាញ់ទឹកពន្លត់ ដោយ ឆ្លងកាតផ្លូវពត់ពេន និងឡើងចំណោតដ៏លំបាកមួយផងដែរ (តំបន់ភ្នំ) ប៉ុន្ដែក្រោយពីបាញ់ទឹកពន្លត់អស់រយៈពេលប្រមាណ១ម៉ោង ទើបអណ្ដាតភ្លើងព្រមរលត់ជាស្ថាពរ ។
បុរសម្ចាស់ផ្ទះសំណាក់ជនជាតិបារាំងឈ្មោះក្លូត ឌុយណង់តែន អាយុ៦០ឆ្នាំ មានប្រពន្ធជនជាតិខ្មែរឈ្មោះហេង សុភាព អាយុ៤៥ឆ្នាំ ស្នាក់នៅក្រុម៥ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។ អគ្គីភ័យនេះមិនបណ្ដាលឱ្យមនុស្សណាម្នាក់ស្លាប់ ឬរងរបួសនោះទេ ប៉ុន្ដែបន្ទប់៣នៃផ្ទះសំណាក់នេះបានខូចខាតទាំងស្រុង ។ ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ និងនៅលើទំព័រកាសែតកោះសន្ដិភាព ៕