ខេត្ដព្រះវិហារ ៖ ថ្ងៃទី២០ មេសាកន្លងទៅនេះ សមត្ថកិច្ចចំរុះបានធ្វើការបង្ក្រាបបទល្មើសព្រៃឈើដ៏ធំមួយដែលឈ្មួញកំពុងប្រព្រឹត្ដតាមគប់រូបភាពយ៉ាងអនាធិបតេយ្យនៅតំបន់ព្រំប្រទល់ស្រុកបីនៃខេត្ដចំនួន៣ ក្នុងនោះមានស្រុករវៀង ខេត្ដព្រះវិហារ, ស្រុកសណ្ដាន់ ខេត្ដកំពង់ធំ និងស្រុកថាឡាបរិវ៉ាត់ ខេត្ដស្ទឹងត្រែង ស្ថិតក្នុងចំណុចព្រៃឡង់ខាងកើតស្រុករវៀង ប្រមាណជាង៤០គីឡូម៉ែត្រ ។
សមាសភាពសមត្ថកិច្ចចំរុះដែលចុះទៅបង្ក្រាបនោះដឹកនាំដោយលោកឡុង ស៊ីថា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ដព្រះវិហារចូលរួមដោយលោកស ថាវី អភិបាលរងខេត្ដ លោកប៉ុល ខាំណារ៉េ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ដ ព្រមទាំងមន្ដ្រីជំនាញពាក់ព័ន្ធ ជាច្រើននាក់ទៀត ។ សមត្ថកិច្ចបានទៅដល់ចំណុចភូមិដែលឈ្មួញកំពុងប្រព្រឹត្ដយ៉ាងអនាធិបតេយ្យក្នុងភូមិសាស្ដ្រភូមិស្រែ ភូមិបង្កន ស្ថិតក្នុងឃុំរៀបរយស្រុករវៀង ដែលជនល្មើសកំពុងកាប់ឈើប្រណីតប្រភេទធ្នង់ នៅក្នុងព្រៃឡង់ ដែលជាព្រៃឈើដ៏កម្រ និងត្រូវ បានរក្សាទុកដោយរដ្ឋាភិបាល ។ នៅតំបន់នោះ ពួកឈ្មួញបានប្រើប្រាស់រថយន្ដរ៉េវដឹកចេញពីក្នុងព្រៃគោលបំណងយកទៅស្ដុកទុកក្នុងរោងចក្រកែច្នៃមួយកន្លែង ដែលមានការអនុញាតពីរាជរដ្ឋាភិបាលសំរាប់ប្រមូលឈើសំណល់គ្រប់ប្រភេទដែលត្រូវបានឈូសឆាយដីដោយក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចឈ្មោះ ធីង៉ា មានផ្ទៃដីវិនិយោគប្រមាណ៦០៦០ ហិកតាមកពីប្រទេសវៀតណាម ។
ទីតាំងបទល្មើសនេះ ស្ថិតនៅលើចំណុច និយាមការលេខ៥៣.៧៩៧១-១៤៨២.៧. ៥៣ ដោយសមត្ថកិច្ចបានរកឃើញឈើហុប ប្រភេទធ្នង់ចំនួន៦ដើមមានមុខកាត់ពី៧០ទៅ៨០សង្ទីម៉ែត្រ មានប្រវែងចាប់ពី៨ទៅ១០ម៉ែត្រ ដែលជនល្មើសដឹកតាមរថយន្ដធុនរ៉េវ យកទៅលាក់ទុកក្នុងព្រៃក្រោយចំណុចត្រញំងឫស្សី និងនៅចំណុចនិយាមការលេខ៥៣៨៥១៣-១៤៨២៦៥៧ មានឈើហុប ប្រភេទធ្នង់ និងឈើធ្នង់មុខធំៗដែលអារឡាំងជាជ្រុងចំនួន៤កំណាត់។ នៅចំណុច និយាមការលេខ៥៣៩៥៥០-១៤.៨២៥៦៧ សមត្ថកិច្ចបានឃើញគល់ឈើធ្នង់ដែលគេអាររំលំរាប់សិបដើមពាសពេញព្រៃ ។ លោក ឯ សារ៉ូ អភិបាលស្រុករវៀង ដែលបានចូល រួមជាមួយអាជ្ញាធរមូលដ្ឋានបាននិយាយថា ឈើធ្នង់ដែលត្រូវជនល្មើសលួចកាប់នៅក្នុងព្រៃមានដល់ទៅ១៩០ដើម នេះបើតាមសេចក្ដីរាយការណ៍ជូនពីសំណាក់អាជ្ញាធរមូលដ្ឋាន ។
នៅវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃដដែលសមត្ថកិច្ចចំរុះខេត្ដក៏បានជួបជាមួយប្រជាពលរដ្ឋរស់នៅក្នុងភូមិដាច់ស្រយាលក្នុងព្រៃ មានផ្ទះ១៧ខ្នងនៅចំណុចត្រញំងឫស្សី និងស្រែបង្កិលស្ថិតក្នុងភូមិបង្កន ឃុំរៀបរយស្រុករវៀង ក្នុងនោះមានអ្នកភូមិ៣នាក់ ដែលជាអ្នកស្គាល់ព្រៃនេះយ៉ាងច្បាស់ ហើយធ្វើជាមេការឱ្យឈ្មួញ ។ អ្នកភូមិឈ្មោះគល់ វី ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅក្នុងចំណុច ត្រញំងឫស្សីបានធ្វើជាមេការឱ្យឈ្មោះជុយ ជាឈ្មួញ បានដើរបង្ហាញដើមធ្នង់ឱ្យឈ្មោះ ជុយ និងបានកំរៃក្នុងមួយថ្ងៃ១ម៉ឺនរៀល ។ ឈ្មោះគល់ វី បាននិយាយថា រូបគាត់ដើរលុកព្រៃបង្ហាញដើមធ្នង់ឱ្យទៅថៅកែ ហើយចាប់តាំងពីរូបគាត់បានស៊ីឈ្មួលបង្ហាញដើមឈើធ្នង់ឱ្យថៅកែឈ្មោះជុយដើម្បីកាប់រំលំមក គឺរូបគាត់ម្នាក់ឯងបានបង្ហាញដើមធ្នង់សរុបបានចំនួនជាង៩០ដើមហើយនៅក្នុងព្រៃទួល វិហារ ។ ប៉ុន្ដែឈ្មោះគល់ វី ជាមេការនេះ បានបញ្ជាក់ថា មកទល់ពេលនេះ គាត់ក៏មិនទាន់បានទទួលលុយពីថៅកែឈ្មោះជុយ ១ រៀលនៅឡើយទេ ។
ចំណែកឈ្មោះរ័ត្ន សៅ ភេទប្រុស អាយុ ២៧ឆ្នាំ ក៏ជាអ្នកធ្វើមេការដើរបង្ហាញដើមឈើធ្នង់ឱ្យទៅថៅកែខាងលើដែរ តែមិនបាន គិតកំរៃជាប្រាក់ប្រចាំថ្ងៃទេ ដោយថៅកែ សន្យាថាបើមិនយកប្រាក់គេនឹងជួយអារ ឈើធ្វើគ្រឿងផ្ទះឱ្យ១ខ្នង ។ អ្នកភូមិជាមេការនេះ បានបង្ហាញដើមឈើធ្នង់ឱ្យថៅកែឈ្មោះជុយ បានសរុបចំនួនជាង៨០ដើមមកហើយ ។ ទាក់ទិននឹងឈើធ្នង់ដែលកាប់រំលំត្រូវបានមេការប្រាប់ថា ថៅកែបានដឹកឈើចេញពីព្រៃអស់មួយចំនួនធំរួចហើយ ។
រីឯមេកាទី៣ ឈ្មោះហៀង សាវ៉ុល ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅក្នុងភូមិជាមួយគ្នា ដែលជាមេការដើរចង្អុលបង្ហាញដើមឈើធ្នង់ដែរ តែបំរើឱ្យថៅកែម្នាក់ទៀតឈ្មោះអាងជាថៅកែមានរថយន្ដធុនរ៉េវ២គ្រឿង និងមានទាហានផ្នែកសឹករងរវៀងម្នាក់ឈ្មោះ ឆាយ សំណាង ជាអ្នកចូលរួមការពារផង បានអះអាងថា ខ្លួនបានឃើញថៅកែឈ្មោះអាងនោះដឹកឈើចេញតាមរថយន្ដធុនរ៉េវ អស់ ចំនួន៦រថយន្ដហើយពីព្រៃទួលវិហារ និង១ត្រាក់ទ័រទៀតយកទៅដាក់នៅឯក្រៅចំណុច ព្រៃដែលត្រូវកាប់នោះ ។ ឈ្មោះហៀង សាវ៉ុល បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា ខ្លួនគាត់ផ្ទាល់បានបង្ហាញដើមឈើធ្នង់បានចំនួន៥០ដើមដែរ ឱ្យថៅកែឈ្មោះអាងជាអ្នកកាប់ ហើយក្នុងតំបន់នេះមានឈ្មួញកាប់រំលំឈើប្រណីតជាច្រើនទៀត តែខ្លួនមិនបានស្គាល់ទេ ។
បន្ទាប់ពីបានស្ដាប់ការពន្យល់ប្រាប់ពីមេការបង្ហាញដើមឈើធ្នង់ឱ្យទៅឈ្មួញទាំងបីនាក់ខាងលើរួចមកក្រុមការងារចុះបង្ក្រាប បានបន្ដទៅត្រួតពិនិត្យនៅចំណុចរោងចក្ររបស់ក្រុមហ៊ុនដួងស្រួច ដែលស្ថិតនៅខាងត្បូងស្នាក់ការរបស់ក្រុមហ៊ុនធីង៉ា ក្នុងបរិវេណដីសម្បទាន ធីង៉ា លើផ្ទៃដីរោងចក្រទំហំ៤ហិកតា សម្រាប់ប្រមូលអនុផលព្រៃឈើពីការឈូសឆាយដីក្នុងបរិវេណដីសម្បទាន ។ សមត្ថកិច្ចបានពិនិត្យឃើញឈើហុបដែលមានមុខកាត់ចាប់ពី៦០ទៅ១០០សង្ទីម៉ែត្រ ប្រវែងជាមធ្យម៨ម៉ែត្រ បានអូសចូលរោងចក្រមានចំនួន២១៧កំណាត់ ដោយមានការវាស់វែងពីមន្ដ្រីរដ្ឋបាលព្រៃឈើរួចហើយ ដើម្បីរៀបចំបង់ពន្ធជូនរដ្ឋ ទើបអនុញាតឱ្យអូសចូលរោងចក្រកែច្នៃបាន។ ដោយឡែកសមត្ថកិច្ចចំរុះបានធ្វើការត្រួតពិនិត្យនៅក្នុងរោងចក្រ និងបានរកឃើញមានឈើហុបប្រណីតប្រភេទធ្នង់ខុសច្បាប់ចំនួន១៤ដើម ដែលដឹកចូលពីខាងក្រៅថែមទៀតដាក់ក្នុងរោងចក្រ ។
លោកប៉ុល ខាំណារ៉េ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ដបាននិយាយរបៀបព្រមានដល់តំណាងក្រុមហ៊ុនដួងស្រួច ដែលនៅប្រចាំការ ក្នុងទីតាំងរោងចក្រឱ្យប្រាប់ទៅលោកជា សុភ័ណ ជាអ្នកដេញថ្លៃប្រមូលសំណល់ព្រៃឈើ ឱ្យបញ្ឈប់ការដឹកជញ្ជូនឈើចូលក្នុង ទីតាំងរោងចក្រ គឺត្រូវដាក់ឈើប្រមូលបានមកនៅទីតាំងខាងក្រៅរោងចក្រ ដើម្បីវាស់វែងបង់ពន្ធរួចជាមុនសិន ទើបវាយត្រាឱ្យ អូសចូលរោងចក្រកែច្នៃឈើបាន ។
លោកស ថាវី អភិបាលរងខេត្ដបានមានប្រសាសន៍ដោយព្រមានទៅដល់ម្ចាស់ក្រុមហ៊ុនទាំងអស់ ដែលបាននិងកំពុងតែអនុវត្ដលើការងារវិនិយោគរបស់ខ្លួននៅលើទីតាំង ដែលខ្លួនមានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាលគ្រប់គ្រាន់ហើយនោះ ត្រូវអនុវត្ដឱ្យបានត្រឹមត្រូវ តាមលក្ខខណ្ឌនៃច្បាប់បញ្ចៀសឱ្យផុតពីការប្រើនូវគំនិតទុច្ចរិត “មុងធំបន្លំដេក” ដែលថ្ងៃណាមួយអាជ្ញាធររកឃើញ គឺត្រូវផ្ដន្ទាទោស ទៅតាមច្បាប់គេចមិនផុតឡើយ ។
លទ្ធផលដែលសមត្ថកិច្ចបានរកឃើញឈើធ្នង់កាប់រំលំយ៉ាងអនាធិបតេយ្យនៅចំណុចត្រញំងឫស្សី ស្រែបង្កិលចំនួន២២០ដើម ។ ឈើចំរុះបានពីការឈូសឆាយដីសម្បទានមានចំនួន២១៧ដើមបានវាស់វែងរួចសំរាប់បង់ពន្ធជូនរដ្ឋ និងរោងចក្រដែលមិនទាន់ដាក់ ម៉ាស៊ីនកែច្នៃមានឈើធ្នង់ចំនួន១៤ដើម ដែលដឹកចូលពីខាងក្រៅដោយខុសច្បាប់ ព្រមទាំងរឹបអូសថយន្ដរ៉េវដឹកឈើប្រណីត ខុសច្បាប់ចំនួន២គ្រឿងយកទៅរក្សាទុកនៅទីស្នាក់ការខណ្ឌព្រៃឈើខេត្ដ។
នាថ្ងៃដដែលនោះ សមត្ថកិច្ចចំរុះបាននាំ ខ្លួនមន្ដ្រីយោធាម្នាក់ ស្ថិតក្នុងកងឯកភាពផ្នែកសឹករងរវៀង ឈ្មោះឆាយ សំណាង តាម សេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋ ដែលជាប់ចោទពាក់ព័ន្ធទៅនឹងបទសមគំនិត ។ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដព្រះវិហារបានចោទប្រកាន់មន្ដ្រីយោធាម្នាក់នេះពីបទល្មើសតាមមាត្រា៩៨ ចំណុច២/១ និងមាត្រា១០០ ស្ដីពីច្បាប់ព្រៃឈើបញ្ជូនទៅចៅក្រម ស៊ើបសួរ និងបច្ចុប្បន្ន បានបញ្ជូនទៅឃុំខ្លួន ក្នុងពន្ធនាគារខេត្ដ តាមនីតិវិធីដោយរង់ចាំ ការសំរេចទោស ។
ដោយឡែកឈ្មួញឈើដែលមានឈ្មោះពាក់ព័ន្ធសមត្ថកិច្ចតុលាការកំពុងស្រាវជ្រាវ និងធ្វើសេចក្ដីជូនដំណឹងឱ្យចូលខ្លួនដើម្បីស៊ើប សួរ និងចាត់ការទៅតាមនីតិវិធីនៃច្បាប់ ។ មានការកត់សំគាល់ថា ទោះបីមានការបង្ក្រាបយ៉ាងក្ដៅគគុកពីសំណាក់រាជរដ្ឋា ភិបាលយ៉ាងណាក្ដី ក៏ក្រុមឈ្មួញឈើនៅតែឆ្លៀតគ្រប់រូបភាពទាំងអស់ ។ ទោះបីជាបែបណា ឈ្មួញដែលហ៊ានប្រព្រឹត្ដបែបខាងលើនេះ ប្រៀបដូចសុភាសិតពោលថា បើខ្មោចស្រុកមិនឱ្យដៃពិតជាខ្មោចព្រៃមិនហ៊ានចូលទេ ។ លោកប៉ុល ខាំណារ៉េ ជាមេព្រៃធំប្រចាំ ខេត្ដព្រះវិហារជាសមត្ថកិច្ចដែលគួរឱ្យកត់សំគាល់ជាងគេ ៕