បាញ់ M-79 ចេញពីជាន់ទី៥នៃមន្ទីរពេទ្យមួយ
(ប្រុសកោះ)
ថ្ងៃ សុក្រ ទី ២៣ ខែ មេសា ឆ្នាំ ២០១០
ការផ្ទុះគ្រាប់ M-79 មួយចំនួននៅសង្កាត់ ស៊ីឡូម ជាសង្កាត់ហិរញវត្ថុក្រុងបាងកកកាលពីយប់ថ្ងៃទី២២ មេសា បើយោងតាមម៉ាស៊ីន ឃោសនាក្នុងស្រុកខ្លះថា បណ្ដាលឱ្យមនុស្សស្លាប់យ៉ាងតិច៥នាក់ និងរបួសដល់ទៅ១០០នាក់។
មុននេះទូរទស្សន៍ថៃ TPBS TV រាយការណ៍ថា នារីម្នាក់ទៀតបានស្លាប់នៅមន្ទីរពេទ្យជូឡាឡុងកន ។ ពួកជនពុំស្គាល់មុខបាន បាញ់គ្រាប់ M-79 ចេញពីជាន់ទី៥នៃមន្ទីរពេទ្យមួយ។ នេះជាសំដីរបស់សាក្សីម្នាក់។ ម៉ាស៊ីនឃោសនាក្នុងស្រុករាយការណ៍ថា ទី ស្នាក់ការរបស់ធនាគារក្រុងបាងកកជាធនាគារពាណិជ្ជកម្មថៃធំជាងគេត្រូវរងការវាយ ប្រហារដោយគ្រាប់ M-79 មួយគ្រាប់កាលពី យប់ថ្ងៃទី២២ មេសា បណ្ដាលឱ្យមនុស្សជាង២០នាក់ត្រូវរបួស ។ ការផ្ទុះកើតមាននាវេលាម៉ោង២១ម៉ោងក្នុងស្រុកក្រោយពីការផ្ទុះគ្រាប់ M-79 ចំនួន៣គ្រាប់ដែលវាយប្រហារជាន់ទី៣នៃស្ថានីយរថភ្លើងផ្លូវលើ SALA DAENG លើ SKYWALK និងសណ្ឋាគារតុសិតថានី ។
កាសែត NATION ថៃរាយការណ៍ថា ការផ្ទុះកើតមានប៉ុន្មាននាទីក្រោយម៉ោង២០ម៉ោងក្នុងស្រុកនៅចំងាយ៥០០ម៉ែត្រពីកន្លែង មានការប៉ះទង្គិចគ្នារវាងពួកអាវក្រហម និងពួកអាវចំរុះពណ៌នៅផ្លូវបំបែក SALA DAENG ។ នៅតាមផ្លូវសាធនខាងជើងចំងាយ២គីឡូម៉ែត្រពីកន្លែងផ្ទុះកងទាហានជាច្រើននាក់កំពុងតែល្បាត ៕