មេទ័ពកម្ពុជានឹងបង្ក្រាបក្រុមបាតុករ អាវលឿង ប្រសិនចូលមកក្នុងទឹកដីខ្មែរ នៅតាមព្រំដែន
(ប្រុសកោះ)
ថ្ងៃ សុក្រ ទី ២៣ ខែ មេសា ឆ្នាំ ២០១០
ខេត្ដឧត្ដរមានជ័យ ៖ លោកនាយឧត្ដមសេនីយ៍ ជា តារា មេបញ្ជាការកងទាហានមួយរូបប្រចាំតំបន់ព្រំដែនខាងលិចបានប្រាប់ឱ្យដឹងថា ប្រសិនបើមានក្រុមបាតុករអាវលឿងរបស់ថៃនាំគ្នាមកកាន់ប្រាសាទតាមាន់ធំរបស់ខ្មែរ ហើយទាមទារយកទៅធ្វើជាកម្មសិទ្ធរបស់គេមែននោះ យើងសូមបញ្ជាក់ថា យើងប្រឆាំងដាច់ខាត ។
លោកនាយឧត្ដមសេនីយ៍ ជា តារា ដែលជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទផងនោះ បានមានប្រសាសន៍ថា ប្រសិនបើក្រុមបាតុករអាវលឿងរបស់ថៃមកឈររញ៉េរញ៉ៃលើទឹកដីខ្មែរត្រង់បរិវេណប្រាសាទតាមាន់ធំ ហើយទាមទារដកបង្គោលព្រំដែន ឬចូលទឹកដីខ្មែរដោយគ្មានការអនុញាតនោះយើងនឹងប្រើកំលាំងបណ្ដេញពួកគេឱ្យទៅវិញ ហើយបើពួកគេនៅតែរឹងទទឹង យើងនឹងប្រើអាវុធ គឺយើងមិនបណ្ដោយឱ្យនរណាមកវាតទីយកទឹកដីរបស់កម្ពុជា១មីល្លីម៉ែត្រឡើយ។
នៅពេលថ្មីៗនេះ លោកវីរៈ សុមខ្វាមឃិត ប្រធានគណៈកម្មការបណ្ដាញប្រជាជនប្រឆាំងនឹងអំពើពុករលួយនៃប្រទេសថៃ បានថ្លែងតាមសារព័ត៌មានមតិជនអនឡាញ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១០ ថា នឹងធ្វើ ដំណើរប្រមូលផ្ដុំនៅប្រាសាទតាមាន់តូចនា ថ្ងៃទី១ ខែឧសភា ក្នុងគោលបំណងដកបង្គោលព្រំដែនកម្ពុជានាថ្ងៃទី២ និងទី៣ ឧសភា ឆ្នាំ២០១០។ ការថ្លែងរបស់លោក វីរៈ សុមខ្វាមឃិត បានបង្ហាញឱ្យមតិជាតិនិងអន្ដរជាតិមើលឃើញកាន់តែច្បាស់ថា ក្រុម អ្នកនយោបាយជ្រុលនិយមមួយក្ដាប់តូចនេះ បាននិងកំពុងរៀបចំផែនការគិតទុកជាមុន និងចេតនាឱ្យមានការតានតឹងខាងនយោបាយឡើងវិញរវាងកម្ពុជានិងថៃ ដើម្បីបង្វែរការយកចិត្ដទុកដាក់ពីវិបត្ដិនយោបាយផ្ទៃក្នុងនៃប្រទេសថៃដែលមិនអាចដោះស្រាយចេញរហូតមកដល់សព្វថ្ងៃនេះ ។
ទង្វើឬឥរិយាបថរបស់លោកវីរៈ សុមខ្វាមឃិត បាននិងកំពុងរំលោភទៅនឹងកិច្ចព្រមព្រៀងអន្ដរជាតិនានាដែលត្រូវបានធ្វើឡើងរវាងកម្ពុជា និងថៃទាក់ទងទៅនឹងព្រំដែនរវាងប្រទេសពីរកម្ពុជា-ថៃ ដែលប្រទេសទាំងពីរមានខ្សែព្រំដែនអន្ដរជាតិ ជាមួយគ្នាប្រវែងជាង៨០៥គីឡូម៉ែត្រ ដែលក្នុងនោះបង្គោលព្រំដែនអន្ដរជាតិចំនួន៧៣បង្គោលត្រូវបានបោះរួចស្រេចនៅលើកទី១ ក្នុងឆ្នាំ១៩០៨-១៩០៩ និងលើកទី២ នៅក្នុងឆ្នាំ១៩១៩-១៩២០ ដោយផ្អែកលើផែនទីឆ្នាំ១៩០៨ ដែលជាលទ្ធផលនៃការងាររបស់គណៈកម្មការកំណត់ព្រំដែនបារាំង-សៀម ហើយនៅក្នុងឆ្នាំ១៩៦២ តុលាការយុត្ដិធម៌អន្ដរជាតិក្រុងឡាអេបានប្រើប្រាស់ផែនទីឆ្នាំ១៩០៨ សន្លឹកដងរែក ដើម្បីសំរេចក្ដីដាក់ប្រាសាទព្រះវិហារ និងតំបន់ជុំវិញប្រាសាទ ស្ថិតនៅក្នុងទឹកដីនៃប្រទេសកម្ពុជា ។
តាមប្រភពព័ត៌មានថ្មីៗទៀតឱ្យដឹងថា ក្រុមបាតុករអាវលឿងមានគំរោងចូលមកក្នុងប្រាសាទតាមាន់តូចរបស់ខ្មែរ ហើយធ្វើ ការទាមទារ ឬដកបង្គោល ឬបង្កអរិភាពនៅក្នុងទឹកដីកម្ពុជានៅថ្ងៃទី២៨ មេសា ខាងមុខនេះ...ប្រសិនបែបនេះមែនមេទ័ពកម្ពុជានឹងចាត់ការតាមបែបស្វ័យការពារ ៕