ព្រះពុទ្ធបដិមាដែលលិចក្នុងបាតទន្លេ យូរឆ្នាំត្រូវបានស្រង់ឡើង
(ប្រុសកោះ)
ថ្ងៃ សុក្រ ទី ២៣ ខែ មេសា ឆ្នាំ ២០១០
ខេត្ដកណ្ដាល ៖ ព្រះពុទ្ធបដិមា២អង្គត្រូវបានគណៈកម្មការអាចារ្យវត្ដព្រែកអំបិលសហការជាមួយអាជ្ញាធរមូលដ្ឋានចាត់ចែងស្រង់ចេញពីបាតទន្លេបាសាក់ ដោយជួលអ្នកនេសាទខ្មែរអ៊ិស្លាមចុះទៅទាញអូសឡើង កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៣ មេសា នៅចំណុចមុខវត្ដព្រែកអំបិល ភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ។
អ្នកមុជទឹកខ្មែរអ៊ិស្លាមដែលបានចុះទៅចងរូបសំណាកព្រះពុទ្ធនៅបាតទន្លេបានឱ្យដឹងថា ព្រះពុទ្ធបដិមានេះមាន២អង្គ គឺ១អង្គធំ មានព្រះកេសដងខ្លួនត្រឹមត្រូវ ព្រះភ្នែនជាង១ម៉ែត្រ និង១អង្គតូចមានព្រះភ្នែនប្រហែល ៧-៨តឹក (៧០-៨០សង្ទីម៉ែត្រ) ប៉ុណ្ណោះ អត់មាន (បាក់) ព្រះកេសទេ ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ មេសា គណៈកម្មការអាចារ្យវត្ដ បានរៀបចំពិធីក្រុងពាលីសុំម្ចាស់ទឹក ម្ចាស់ដី បារមីស័ក្ដិសិទ្ធិ ដើម្បីស្រង់ព្រះពុទ្ធបដិមានេះចេញពីបាតទន្លេរួចមកហើយ។
យោងតាមខ្មែរអ៊ិស្លាមដែលចុះមុជទៅក្នុងបាតទន្លេពិនិត្យមើលព្រះពុទ្ធបដិមានេះ បានឱ្យដឹងទៀតថា ព្រះពុទ្ធបដិមានេះធ្វើអំពីថ្ម មានអាយុកាលយូរឆ្នាំណាស់មកហើយបានលិចចូលទៅក្នុងបាតទន្លេបាសាក់នេះ ។ បុរសខ្មែរអ៊ិស្លាមម្នាក់ឈ្មោះទត ស្មាន អាយុ ៤១ឆ្នាំ រស់នៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ដែលជាអ្នកនេសាទនៅតាមដងទន្លេបាសាក់ និងជាអ្នកដើមចមនៃការប្រទះ ឃើញបានឱ្យដឹងថា គាត់ប្រកបបរនេសាទត្រីនៅលើដងទន្លេបាសាក់នេះយូរឆ្នាំមកហើយ ហើយរូបសំណាកព្រះពុទ្ធនេះគាត់បានប្រទះឃើញនៅបាតទន្លេតាំងពីជាង១០ឆ្នាំមុនមកម្ល៉េះ ប៉ុន្ដែមិនហ៊ានប្រាប់អ្នកណាឡើយ ទើបតែពេលនេះគាត់បានធ្លោយប្រាប់ជាងសំណង់ ដែលសាងសង់អគារផ្សេងៗក្នុងវត្ដ រួចក៏មានការឮតៗគ្នាដល់អាចារ្យវត្ដតែម្ដង ។ ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ និងនៅលើទំព័រកាសែតកោះសន្ដិភាព ៕